AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥–សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអតីតទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ពៅ សុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រតិកម្ម និងស្នើឱ្យមានការកែតម្រូវ ចំពោះការលើកឡើងរបស់គ្រឹះស្ថានបោះពុម្ពថៃ ឈ្មោះនគរ(ណាខន)ដែលបានលើកឡើងថា ហេតុអ្វី សម្តេច ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥ ពីខេត្តព្រះវិហារថា សម្តេចមិនមានជំពាក់គុណប្រទេសថៃ?
លោក ពៅ សុខ ពន្យល់ថា សម្តេចតេជោលោកមានប្រសាសន៍រួចហើយ ចំពោះជាតិ និងជាតិ សម្តេចលោកសុំមិននិយាយទេ ប៉ុន្តែចំពោះបុគ្គល និងបុគ្គល គឺសម្តេចលោកមិនជំពាក់គុណអ្នកណាម្នាក់ឡើយ ហើយការលើកឡើងរបស់សម្តេចតេជោ គឺផ្តោតតែលើត្រកូលស៊ីណាវ៉ាត្រា មានអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន អ្នកស្រី យីងឡាក់ និងលោកស្រីផែថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលរមិលគុណសម្តេចតែប៉ុណ្ណោះ។ ក្រៅពីនោះ សម្តេចតេជោ ក៏លោកមានប្រសាសន៍កោតសរសើរមេដឹកនាំថៃចំៗឈ្មោះផងដែរ ហេតុនៃការលើកឡើងថា សម្តេចតេជោ បំភ្លេចគុណ ឬមិនរម្លឹកពីគុណបំណាច់របស់ថៃ គឺជារឿងមិនត្រឹមត្រូវ និងគួរឱ្យសោកស្តាយ។
លោក ពៅ សុខ មានប្រសាសន៍ថា ការដែលគ្រឹះស្ថានបោះពុម្ពថៃ លើកឡើងថា សម្តេច ហ៊ុន សែន មិនបានលើកឡើងពីគុណសម្បត្តិរបស់ថៃចំពោះកម្ពុជា គឺជារឿងខុសឆ្គង ដូច្នេះលោកស្នើឱ្យគ្រឹះស្ថានបោះពុម្ពថៃ ស្តាប់ប្រសាសន៍សម្តេចតេជោឱ្យបានច្បាស់ និងកែតម្រូវ នូវអត្ថបទរបស់ខ្លួនឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយទៅថ្ងៃក្រោយ។
លោក ពៅ សុខ លើកឡើងទៀតថា សមាគមអ្នកនិពន្ធខ្មែរ ឬក៏ប្រជាជនកម្ពុជាពិតជាមិនចង់មានបញ្ហាជាមួយប្រទេសជិតខាងទេ គឺកម្ពុជាចង់បានតែសេចក្តីសុខ សុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រទេសជិតខាង ប៉ុន្តែ ប្រទេសជិតខាងខ្លះតែងតែបំពានកម្ពុជា។ ដូចកាលពីទសវត្សរ៍១៩៧០ ខណៈកម្ពុជាកំពុងមានវិបត្តិផ្ទៃក្នុង(សង្រ្គាម) គឺថៃបានលួចហោះចូលមកទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងសៀមរាប រហូតធ្វើឱ្យសមាគមអ្នកនិពន្ធខ្មែរសម័យកាលនោះ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃយ៉ាងខ្លាំងក្លា។
ប៉ុន្តែសម្រាប់សម័យកាលយើងនេះ ដើម្បីសុខដុមជាតិសាសន៍និងប្រទេសជិតខាង សមាគមអ្នកនិពន្ធខ្មែរ មិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃដែលលបចូលមកឈ្លានពាន និងបាញ់សម្លាប់ឆ្មាំព្រំដែនរបស់កម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះទេ។
សូមឱ្យគ្រឹះស្ថានបោះពុម្ពថៃពិនិត្យពីសកម្មភាពរបស់ខ្លួនឡើងវិញ ដើម្បីរក្សាមិត្តភាព និងសន្តិភាពសំណេរក្នុងតំបន់៕
ដោយ៖ AKP
