ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ វោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញសង្គមFacebook នាប៉ុន្មានមកថ្ងៃនេះ ដែលបាននិយាយឈរនៅខាងថៃឈ្លានពាន គឺក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ បើតាមឯកឧត្តមបណ្ឌិត ក្នុងស្ថានភាពនេះ ថៃ ក៏អាចធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអ្វីនោះទេ។

ក្រៅពីចំណុចខាងលើនេះ ឯកឧត្តមបណ្ឌិត គិន ភា មើលឃើញពីរចំណុចទៀតដែរ។ ក្នុងនោះ ការលើកឡើងរបស់ទណ្ឌិត រត់ចោលស្រុករូបនេះ និយាយចាក់ឱ្យសម្ដេចតេជោ ហ៊ុន សែន ពន្លឿនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិខ្មែរពីកំណើតពីអ្នកដែលគប់គិតនឹងបរទេសបំផ្លិចបំផ្លាញផលប្រយោជន៍ខ្មែរ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន ទណ្ឌិត សម រង្ស៊ី តែងតែបម្រើនយោបាយសម្ដេចតេជោរហូតមក តែឯកឧត្តម មិនហ៊ាននិយាយថា គាត់ស៊ីឈ្នួលកំដរនយោបាយសម្ដេចតេជោនោះទេ។
ឯកឧត្តម បានលើកទឡ្ហីករណ៍មួយចំនួនដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញពីសំឡេង ២ភាគ៣ មក៥០ភាគរយបូក១ កាលពីខែមីនា ឆ្នាំ២០០៦,សោធនកម្មរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីខែតុលា ឆ្នាំ២០២១, និង ការប្រកាសបេក្ខភាពរបស់សម្តេចធិបតីជានាយករដ្ឋមន្ត្រីអនាគត កាលពីខែធ្នូ ឆ្នាំ២០២១, សុទ្ធតែមានអំពើនិងវោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី, ហើយនិន្នាការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះទៀត ក៏ហាក់ចេញពីអំពើនិងវោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នេះដដែលទៀត។
មួយវិញទៀត សម រង្ស៊ី ចង់រុញឱ្យមានប្រតិកម្មអវិជ្ជមានកាន់តែខ្លាំងលើរឿងនេះចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ មែនទែនទៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយចំនួន ធ្វើនយោបាយមិនដែលប្រើប្រាស់សញ្ជាតិខ្មែរទេ ព្រោះពួកនេះមានសញ្ជាតិ២។ ដូច្នេះ ទោះដកសញ្ជាតិឬមិនដក ក៏ពួកនេះនៅតែប្រឆាំងរហូតដល់ថ្ងៃស្លាប់ គឺប្រឆាំងនឹងប្រយោជន៍ខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះគេកើតមកដើម្បីប្រឆាំង, ស៊ីឈ្នួលប្រឆាំង និងស៊ីឈ្នួលធ្វើសាហាយនយោបាយ។ ដូច្នេះ រឿងដកសញ្ជាតិមិនចាំបាច់ទេ, យើងកុំធ្វើដូចពួកលន់ នល់ និងកុំធ្លាក់ក្នុងអន្ទាក់របស់ សម រង្ស៊ី។ យកល្អ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយតម្រូវឱ្យអ្នកនយោបាយទាំងអស់ មិនថានៅថ្នាក់ជាតិឬនៅថ្នាក់មូលដ្ឋាន ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ ជាជាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកហូតសញ្ជាតិខ្មែរពីកំណើត ដែលនាំឱ្យមានបច្ច័យនយោបាយផ្សេងទៀត។
ក្នុងស្ថានភាពនេះ ឯកឧត្តមបណ្ឌិត គិន ភា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំធ្លាក់ក្នុងអន្ទាក់របស់សាហាយនយោបាយ និងអន្ទាក់របស់បរទេស, សូមអ្នកនយោបាយគ្រប់និន្នាការ អ្នកវិភាគ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកាន់ជំហរតែមួយជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ និងជឿជាក់លើរាជរដ្ឋាភិបាល ជុំវិញចំណាត់ការលើរឿងព្រំដែន និងដំណោះស្រាយនិងវិធានការពាក់ព័ន្ធដទៃទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជា និងថៃ មានភាពតានតឹងរឿងព្រំដែនជាមួយគ្នាមក គេសង្កេតឃើញថា ទណ្ឌិត សម រង្ស៊ី និងពួកនៅក្រៅប្រទេស បានព្យាយាមនិយាយឈរនៅខាងប្រទេស លាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងព្យាយាមដោះស្រាយព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJជាដើម។
ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ បានធ្វើឲ្យអ្នកធ្លាប់ផុងខ្លួន ដើរតាមនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ពីមុន បានភ្លឺភ្នែក ដោយខ្លះលើកឡើងថា កាន់តែតាមដានយូរ កាន់តែស្ដាយសាំងម៉ូតូ ជិះហែរបក្សពីមុន អាឡេអាឡូ កាលជាង១០ឆ្នាំមុន នយោបាយ លិបលៗ បែបត្រីងៀតឆ្លៀតពង អង្កៀមបំផ្លាញជាតិ ដើម្បីមហិច្ឆតាខ្លួន ។ ខ្លះក៏បានសួររក លុយហិបដែក ជាពិសេស លុយបើកទូរទស្សន៍ព្រះអាទិត្យ ថែមទៀតផង៕
អត្ថបទ៖ ពុទ្ធិកា

