ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យខ្លាំហក្លាថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការណែនាំរបស់ឯកឧត្តម បែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា ការងារគ្រប់បែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើបង្ក្រាបមិនបាន គ្មាននរណាបង្ក្រាបបាននោះទេ ។ ចំពោះបទល្មើសគ្រឿងញៀន អាជ្ញាធរខណ្ឌ ត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាប ហើយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៅកាន់អភិបាលខណ្ឌទាំង១៤ថា បើចង់ធ្វើអភិបាលខណ្ឌ ត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្មានគិតថ្ងៃសៅរ៌និងអាទិត្យនោះទេ។ បញ្ហាគ្រឿងញៀននិង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យ ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនៃស្នងការដ្ឋាននគររាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេវេតាមប្រព័ន្ធអនឡាញ៕
