ថ្វីដ្បិតតែកន្លងមកមានអ្នករិះគន់ពេញបណ្តាញសង្គម និងនិយាយមិនល្អពីភរិយារបស់ខ្លួនក្តី តែតារាចម្រៀងសមាជិកនៅក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ មិនដែលខ្វល់ឡើយ ផ្ទុយទៅវិញថ្មីៗនេះលោកបានបណ្តើរភរិយាបណ្តូលចិត្តរួមជាមួយកូនប្រុសរបស់ខ្លួនទៅចូលរួមកម្មវិធីធំមួយយ៉ាងសប្បាយរីករាយបំផុត ។

ក្រៅពីមានឈ្មោះជាតារាចម្រៀងរ៉េប លោក ជា សុជាតិ ក៏ជាគណកម្មការនៅក្នុងកម្មវិធី Rapper Fighter ផងដែរ ដែលមានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារតែលោកមានទេពកោលស្យខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកបានហែលឆ្លងវិថីនេះយ៉ាងលំបាក ទំរាំតែសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចសព្វថ្ងៃ ។
ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលោកក៏បានរៀបការមានគូស្រករ និងមានកូនប្រុសជាទីស្រឡាញ់មក ស្រាប់តែផ្ទុះការរិះគន់ពីមហាជនមួយចំនួនទាក់ទងទៅនិងភរិយារបស់លោក រហូតធ្វើឱ្យផ្ទុះកក្រើកពេញវិថីសិល្បៈ ។
ទោះបីជារឿងនេះកើតឡើងចំពោះខ្លួនក្តី លោក ជា សុជាតិ មិនខ្វល់អ្វីទាំងអស់ លោកកាន់តែបង្ហាញក្តីស្រឡាញ់ចំពោះភរិយានិងកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកបានបណ្តើរគ្នាជាមួយភរិយានិងកូនប្រុសទៅចូលរួមកម្មវិធី Rapper Fighter យ៉ាងស្រស់ស្រាយបំផុត ។
លោក ជា សុជាតិ ថែមទាំងបាននិយាយថា « កាលរដូវកាលទី១ កូនរាជមកគាំទ្រប៉ាប៉ាតាំងពីនៅក្នុងពោះ ដល់រដូវកាលទី២គេបានមកដោយផ្ទាល់ហើយ » ។
មិនថាជីវិតជួបនូវរឿងរ៉ាវមិនល្អបែបណាក៏ដោយ លោក ជា សុជាតិ មិនដែលខ្វល់ពីបញ្ហាទាំងនោះឡើយ ផ្ទុយទៅវិញលោកបែរជាខំប្រឹងធ្វើការងារ និងធ្វើជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារ ទង្វើរនេះហើយដែលធ្វើឱ្យមហាជនកាន់តែស្រឡាញ់ពេញចិត្តលោកច្រើនឡើងៗ ៕



