ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ និងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
នៅថ្ងៃទី៧កក្កដា ២០២៥នេះ ជាខួបលើកទី១៧ហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយនឹងព្រះរាជសារអបអរសាទរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង ការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះមហាក្សត្រសម្ដែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ “ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។ ព្រះអង្គក៏កោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពី សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្ស នេះកន្លងមក ការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាំកេរដំណែលដ៏ អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយនឹងសារគូសបញ្ជាក់ថា៖ «ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !»។ ចំណែកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអបអរសាទរ ដោយបានលើកឡើងថា៖ ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។
គួររំលឹកថា ក្នុងអតីតកាលប្រទេសថៃធ្លាប់ដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារខ្មែរ រហូតដល់ឆ្នាំ១៩៦២ ទើបប្រទេសថៃព្រមដកកងទ័ពនិងនគរបាលរបស់ខ្លួនចេញពីទីនេះវិញបន្ទាប់ពីប្រទេសនេះបានចាញ់ក្ដីកម្ពុជាក្រោមយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត។ ពេលដែលប្រទេសថៃព្រមដកកងទ័ពនិងនគរបាលរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ អាជ្ញាធរកម្ពុជាបានពិនិត្យឃើញថា ផ្នែកខ្លះនៃសំណង់ប្រាសាទត្រូវបានបំផ្លាញ ហើយវត្ថុបុរាណសំខាន់ៗក៏ត្រូវបានបាត់បង់ដែរ។
សម្តេចតេជោ ហ៊ុន សែន ខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិនិងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់ គ្រប់មធ្យោបាយ ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឱ្យបាត់បង់នោះឡើយ។ ព្រឹត្តិការណ៍ក្នុងឆ្នាំ២០០៨ គឺជាមេរៀនដាស់តឿន ស្មារតីកូនខ្មែរជាពិសេសយុវជនជំនាន់ក្រោយថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតៀមខ្លួនក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព និងសម្បតិ្ដវប្បធម)ដែលជាកេរមរតកដូនតាខ្មែរ៕
