ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង។

ថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។
ជាការឆ្លើយតប ក.ប.ទ. បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។
ក្រៅពីនេះ ការចោទប្រកាន់របស់ព័ត៌មានថៃ គឺជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។
ក.ប.ទ. ក៏បានបន្ថែមថា ក្រុមចោរ បច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយបរិមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល កម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច។
គួរបញ្ជាក់ថា នាប៉ុន្មានសប្ដាហ៍នេះ ក៏មានជនអនាមិកជាច្រើនបានបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជា ហេីយផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងកាត់តក្លែងបន្លំជាបន្តបន្ទាប់ ដែលជាឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង ដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព ដេីម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង៕
ដោយ៖ ផុន លីហ្សា
