សម្តេចតេជោ ហ៊ុន​ សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា មកបោះទុនវិនិ​យោ​គ​ លើការកែច្នៃគ្រាប់ស្វាយចន្ទី​របស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ការស្នើរបស់សម្តេចតេជោ បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។

ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តម អនុរដ្ឋមន្រ្តី បានបន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានា មានចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន និងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងនេះ និងបានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយគាំទ្រ និងជំរុញឱ្យឥណ្ឌាបានក្លាយជាដៃគូរបស់អាស៊ាន៕