ស្ពានអាកាសឆ្លងផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះថ្មី នឹងបើ​កឲ្យ​ប្រើជាបណ្តោះអាសន្ន នៅថ្ងៃស្អែកនេះ

ស្ពានអាកាស «សម្តេចធិបតី ហ៊ុន ម៉ាណែត» ដែលជាស្ពានអាកាសភ្លោះទ្វេទិស ភ្ជាប់ចរាចរទៅកាន់ព្រ​លា​នយន្តហោះថ្មី នឹងបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយចំហៀង ចាប់ពីថ្ងៃទី១១ កក្កដា ​តទៅ ។ ការបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។

បច្ចុប្បន្ន លទ្ធផលនៃការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាន១០០%  សម្រាប់ស្ពានអាកាសទី១ រីឯស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ខាងមុខ។  ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១០ កក្កដានេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់វេលាចាប់ផ្តើបើកឲ្យប្រើប្រាស់បណ្តៅអាសន្ន គឺស្ពានអាកាសទី១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ដោយឡែក ស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះ មកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។

គួរបញ្ជាក់ថា ស្ពានអាកាស«សម្តេចធិបតី ហ៊ុន ម៉ាណែត»  បានបើកការដា្ឋនសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ស្ពានអាកាសនេះ ជាប្រភេទស្ពានបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុបជាង ៦០០ម៉ែត្រ,ទទឹងស្ពានសរុប ៩,៥ម៉ែត្រនិងទម្ងន់ផ្ទុកអនុញ្ញាតចំនួន ២៥តោន ។

ការសាងសង់គឺចំណាយថវិកាជាង១៦លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស សម្តេច គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា ។ គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះនេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ៕

អត្ថបទ៖ ពុទ្ធិកា