ឯកឧត្តម ថោ ជេដ្ឋា កោតស្ញប់ស្ញែង​ចំពោះគំរូវីរភាពស្នេហាជាតិរបស់កង​ទ័ព​ជួរមុខ តាម​ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ​ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បាន​ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកខ្កស់ ស្រុកប​ន្ទាយអំពិ​ល ខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនកងកម្លាំងឈរជើងនៅតាមខ្សែប​ន្ទា​ត់ព្រំដែនទាំងអស់ និងបានថ្លែងនូវការគោរពដឹងគុណ និងកោតស្ញប់ស្ញែង ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមិនត្រឹមតែនាំយកនូវជំនួយឧបត្ថម្ភជូនដល់កងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ មានថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងប្រជាជនកម្ពុជា ចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ និងជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថ្នាំសង្កូវ ព្រមទាំងថវិកាមួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ១៦០លានរៀល ជូនដល់កងទ័ពជួរមុខឈរជើងការពារព្រំដែនទិសប្រាសាទតាក្របីផងដែរដើម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះពលិកម្មដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕