ញឹម ចាន់ថន ឈប់ថតភាពយន្តព្រោះផលិតករឱ្យតម្លៃពលកម្មថោកពេក !

នៅពីក្រោយនៃការឈប់ថតភាពយន្តនិងចម្រៀងរបស់តារាសម្តែង ញឹម ចាន់ថន គឺបណ្តាលមកពីផលិតករឱ្យតម្លៃពលកម្មថោកពេក ។  

ថ្វិដ្បិតតែមិនមែនជាតួឯកស្រីល្បីឈ្មោះ ប៉ុន្តែ ញឹម ចាន់ថន ជាតារាសម្តែងលេចធ្លោមួយរូបខាងសម្តែងជាតួម្តាយ ឬ តួបងស្រី ជារៀងរាល់ឆ្នាំនាងធ្លាប់ថតភាពយន្តឱ្យបណ្តាផលិតកម្មជាច្រើន ជាពិសេសគឺភាពយន្តចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយបានងាកទៅចាប់អាជីពរកស៊ី និងច្រៀងនៅតាមក្លឹបជំនួសវិញ រហូតធ្វើឱ្យទស្សនិកជនជាច្រើន ស្ទើរតែភ្លេចមុខនាងទៅហើយ ។

ញឹម ចាន់ថន បានបញ្ជាក់ប្រាប់ថា នៅពីក្រោយនៃការផ្អាកពីអាជីពសម្តែងរបស់នាង គឺបណ្តាលមកពី ចចាររឿងតម្លៃខ្លួនមិនត្រូវគ្នា និយាយយ៉ាងខ្លីគឺផលិតករឱ្យតម្លៃថោកពេក មិនរួចក្នុងការធ្វើដំណើរ ថ្លៃសាំង ថ្លៃសម្លៀកបំពាក់ ថ្លៃហូបចុក និងថ្លៃតុបតែងខ្លួនឡើយ ។ 

ថ្វីដ្បិតតែ ញឹម ចាន់ថន ផ្អាកពីការថតភាពយន្ត នាងនៅតែអះអាងថា នាងនៅតែស្រឡាញ់វិស័យសម្តែង និងមានបំណងចង់បន្តអាជីពនេះទៅមុខទៀត ប្រសិនបើផលិតករឱ្យតម្លៃពលកម្មការងារខ្ពស់ជាងនេះ ។ 

បន្ទាប់ពីផ្អាកពីអាជីពសម្តែង ញឹម ចាន់ថន បានបើកហាងរកស៊ីមួយកន្លែង ដែលអាចរកប្រាក់ចំណូលបានច្រើនគួរសមក្នុងមួយខែៗ ក្រៅពីនេះគឺនាងឆ្លៀតទៅថតនៅពេលយប់នៅក្នុងក្លឹបឬកម្មវិធីជប់លៀងនានា…។ 

ឆ្នាំនេះ ញឹម ចាន់ថន មានវ័យជាង៤០ឆ្នាំហើយ នាងនៅតែពុំទាន់រៀបការមានគូស្រករដូចជាមិត្តភក្តិផ្សេងទៀត ដោយនាងបាននិយាយថា ជីវិតគូមិនមែនជារឿងងាយស្រួលទេ បើប៉ះគូល្អមិនអី បើប៉ះគូមិនល្អ គឺទឹកភ្នែក ស៊ូនៅម្នាក់ឯងសប្បាយចិត្តជាង ពេលណាពេលនោះទៅ ។ ញឹម ចាន់ថន និយាយបែបនេះ ដោយសារតែនាងជួបជីវិតស្នេហ៍មិនសមបំណងច្រើនលើកមកហើយ ៕