អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដានេះ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនគ្រប់គោលដៅទាំង ៩ទីតាំង គឺនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិក្តៅក្នុងនោះទិសឧត្តរមានជ័យមាន ៦គោលដៅ និងទិសព្រះវិហារ ៣គោលដៅសរុបជាង ៥ម៉ឺននាក់។

បេសកកម្មផ្គត់ផ្គង់ការហូបចុកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជា ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមជម្រាបជូនថា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសាររាប់ម៉ឺននាក់ដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាពទូទាំងប្រទេស។ ជាមួយគ្នាខេត្តចំនួន ២ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺជាគោលដៅបំពេញកិច្ចការមនុស្សធម៌របស់ក្រុមការងារយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបអាហារផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក ៩គោលដៅជាង ៥ម៉ឺននាក់នៅដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិកម្ពុជា៕









