នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន២ រូបប៉ុណ្ណោះ ក្នុងចំណោមកងកម្លាំងកម្ពុជាចំនួន២០រូប ដែលថៃបានចាប់ទៅកាលពីថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់ បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ។ កងកម្លាំងកម្ពុជាទាំង២រូប ត្រូវបានបញ្ជូនក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
កងកម្លាំងកម្ពុជាចំនួន២រូបនេះ រួមមាន ទី១ អនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ និងទី២ ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ ។
នៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់កម្ពុជា ដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនទុកសមាជិកណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
បន្ទាប់ពីទទួលដំណឹងអំពីការត្រឡប់មកវិញរបស់កងទ័ពកម្ពុជា២រូប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនពរដល់យុទ្ធជនទាំងពីររូប ឱ្យជាសះស្បើយឆាប់ៗ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រយុទ្ធជនដែលកំពុងធ្វើការការពារជាតិ។
គួរបញ្ជាក់ថា បើតាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ៕
អត្ថបទ៖ ពុទ្ធិកា


