នៅក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាការកិច្ចការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែកម្ពុជាស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ហើយកម្ពុជាក៏បានបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ របស់ខ្លួន ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ជាពិសេជំរុញឱ្យមានការបង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមដ៏សកម្មពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូផ្សេងៗទៀត ដែលចាប់អារម្មណ៍ចង់ចូលជួយ ដល់ប្រទេសកម្ពុជា និងថៃ ដើម្បីតាមដាន រាយការណ៍ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានជោគជ័យ។
គួរបញ្ជាក់ថា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕