រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានកំណត់សមាសភាព ក្រុមការងារនេះ ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន ២រូប និងសមាជិក ៩រូប ផ្សេងទៀត។
ក្រុមការងារសម្របសម្រួល មានភារកិច្ចសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេត ការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់គ្នានិងត្រូវរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំ ការណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល ដែលរួមមាន អនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធានដឹកនាំ ,ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន បានចុះពិនិត្យតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។
ក្នុងដំណើរចុះពិនិត្យនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន បានជួបជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤។ ឧត្តមសេនីយ៍ឯក ពៅ ហេង បានធ្វើបទបង្ហាញពីស្ថានភាពនៅតំបន់ នៅភូមិសាស្ត្រទទួលខុសត្រូវ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងចែករំលែកពីលទ្ធផលជំនួបរវាងមេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ផងដែរ៕
អត្ថបទ៖ ពុទ្ធិកា