បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឬប្រដាប់អាវុធនុយក្លេអ៊ែរនោះទេ ហើយក៏មិនបានបញ្ជាក់ពីទីតាំងឈរជើងរបស់នាវាមុជទឹកទាំង២គ្រឿងនេះដែរ។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៉ី នៅសប្ដាហ៍ក្រោយ អាចនៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍។
គួរឲ្យដឹងថា លោក Steve Witkoff ធ្លាប់បានជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាច្រើនដងរួចមកហើយ នៅក្នុងទីក្រុងមូស្គូ មុនពេលកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៉ី ប្រែជាតានតឹងទៅវិញ។
ឆ្លើយតបអ្នកសារព័ត៌មានសួរថាតើលោក Witkoff នឹងបញ្ជូនសារអ្វីទៅឱ្យទីក្រុងមូស្គូ និងថាតើរុស្ស៉ីត្រូវធ្វើបែបណា ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថា «ជាការពិតណាស់ នោះគឺទទួលយកកិច្ចព្រមព្រៀងមួយដែលបញ្ឈប់សង្រ្គាម»៕
