ឯកឧត្តម គួច វែងស្រ៊ុន៖ ព័ត៌មាន គឺត្រូវតែលឿនរហ័សពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មាន គឺត្រូវតែលឿន រហ័ស និងពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ដាច់ខាតមិនអាចរហ័ស និងមិនអាចបង្ហាញគ្រប់នោះទេ។ ទន្ទឹមគ្នានេះ ឯកឧត្តមបានស្នើឲ្យសូមបងប្អូនទាំងអស់ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នកជំនាញបានហើយ។

ឯកឧត្តម គួច វែងស្រ៊ុន បានអំពាវនាវដោយទទូចសូមបងប្អូនទទួលបន្ទុកផ្សព្វផ្សាយតែការពិតដែលកើតមានអំពីសម្លេងរបស់ប្រជាជនកម្ពុជា ត្រូវការតែសន្តិភាព, ប្រជាជនប្រុសស្រីកំពុងរងទុក្ខវេទនាដោយក្លាយជាជនភៀសសឹក, ខ្លះកំពុងបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ និងបង្ហាញពីឆន្ទ:ពិតប្រាកដ និងបេះដូងដ៏បរិសុទ្ធរបស់យើងទៅកាន់ពិភពលោកឱ្យបានដឹង។

ឯកឧត្តមបានថ្លែងថា «យើងនិយាយតែការពិតទៅ យើងមិនខ្វះពាក្យនិយាយនោះទេ ព្រោះពិភពលោកបាននឹងកំពុងមើលមកយើង។ គេព្យាយាមកុហក បោកប្រាស់ ប្រឌិតរឿង និងច្នៃគ្រប់រូបភាព ដើម្បីកុហកប្រជាជនខ្លួនឯង កុហកយើង និងកុហកពិភពលោក តែក៏ត្រូវបានបង្ហាញចេញជាបន្តបន្ទាប់ ដូចពាក្យចាស់ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច»។

ជាមួយគ្នានេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែក ចាយព័ត៌ មាននានា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននៃវិបត្តិព្រំដែនកម្ពុជា និងថៃ៕