ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ លើសពីនេះ ឯកឧត្តម ក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ និងប្រកបដោយភាពងាយស្រួល។
គួររំលឹកដែរថា ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីជំនួបជាមួយប្រតិភូក្រុមហ៊ុន Argentem Creek នៅក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ។
ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែសីហានេះ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី(Investment Roadshow to Australia) ដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២៥ខាងមុខ។ ក្នុងជំនួបពិភាក្សានាព្រឹកនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងសមាគមឧកញ៉ាកម្ពុជា ដែលនឹងចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងដំណើរបេសកកម្មនេះផងដែរ។
តាមរយៈជំនួបនាព្រឹកនេះ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើកិច្ចការចម្បងនានា ក្នុងគោលបំណងធ្វើឱ្យបេសកកម្មដែលនឹងកើតឡើងនៅចុងខែសីហាខាងមុខ អាចដំណើរការទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។
គួរបញ្ជាក់ថា ដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហាខាងមុខនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនពីកម្ពុជា ចេញទៅធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា សំដៅបញ្ជ្រៀបការយល់ដឹងដល់វិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕


