អាម៉េរិក និងចិន បានសម្តែងការគាំទ្រលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចំពោះលទ្ធផលកិច្ចប្រជុំ GBCកម្ពុជានិងថៃ នៅក្នុងសេចក្ដីថ្លែងការណ៍ លោក Tommy Pigott អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងថៃ និងកម្ពុជា និងចាត់ទុកថាជាការបោះជំហានដ៏មានសារៈសំខាន់នៅក្នុងការពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបង្កើតយន្ដការអង្កេតការណ៍របស់អាស៊ាន។
លោកបន្តថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពតាមយ៉ាងពេញលេញនូវការប្ដេជ្ញាចិត្តរបស់ប្រទេសទាំង២ដើម្បីបិទបញ្ចប់ជម្លោះ។សហរដ្ឋអាមេរិកក៏អរគុណផងដែរដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សម្រាប់ភាពជាមេដឹកនាំរបស់លោក និងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចចរចាបទឈប់បាញ់ ដែលជាលទ្ធផលកើតចេញដោយផ្ទាល់ពីឆន្ទៈរបស់លោកនៅក្នុងការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំពិសេសកាលពីឆ្នាំ២៨ ខែកក្កដា ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំង២។ លោក Tommy Pigott បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រម៉ាឡេស៊ី អាស៊ាន រួមទាំងកម្ពុជា និងថៃ ខណៈដំណើរការបទឈប់បាញ់កំពុងឆ្ពោះទៅមុខ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានគូសបញ្ជាក់ដោយកត់សម្គាល់ឃើញថា ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានកាត់បន្ថយ នេះបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការសន្ទនា និងការពិគ្រោះយោបល់ គឺជាវិធីត្រឹមត្រូវក្នុងការដោះស្រាយជម្លោះ។
ប្រទេសចិន ប្រកាន់ជំហរយុត្តិធម៌ ដើម្បីគាំទ្រកម្ពុជា និងថៃ ក្នុងការបង្កើនទំនាក់ទំនង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ព្រមទាំងគាំទ្រការជំរុញដំណោះស្រាយនយោបាយតាមមាគ៌ាអាស៊ាន និងត្រៀមខ្លួនជាស្រេចដើម្បីបន្តដើរតួនាទីស្ថាបនាសម្រាប់ដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី។
គួរបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ព្រមទាំងមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជានិងថៃ បានឯកភាពគ្នាចំនួន១៣ចំនុច ដែលផ្តោតលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ដើម្បីបន្ថយកំដៅនៃភាពតានតឹង តាមបន្ទាត់ព្រំដែន ៕