មកដឹង១៣ចំនុច ដែលកម្ពុជានិងថៃ ឯកភាពគ្នាក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាប​នា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំGBCនេះ កម្ពុជានិងថៃ បានឯកភាពគ្នាចំនួន១៣ចំនុច លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត សំដៅបន្ថយកំដៅភាពតានតឹងតាមបន្ទាត់ព្រំដែន ។ ចំនួន១៣ចំនុច នៃការអនុវត្តបទឈប់បាញ់
នោះរួមមាន៖

១. បទឈប់បាញ់រវាងភាគីទាំងសងខាង (ដោយរួមមានការប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ និងការវាយប្រហារនានាគ្រប់រូបភាព)

២. រក្សាទីតាំងឈរជើងបច្ចុប្បន្នរបស់កងទ័ព

៣. ហាមប្រាមការបង្កើនកងទ័ពបន្ថែម

៤. ហាមប្រាមសកម្មភាពបង្កហេតុ ឬការបំពានណាមួយ

៥. ហាមប្រាមការប្រើប្រាស់កម្លាំងលេីជនស៊ីវិល ឬទ្រព្យសម្បត្តិរបស់ជនស៊ីវិល

៦. អនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ស្តីពីការប្រព្រឹត្តលើអ្នកទោសសង្គ្រាម (ឈ្លើយសឹក)

៧. ពិគ្រោះយោបល់​ និងរកដំណោះស្រាយនៅថ្នាក់មូលដ្ឋានជាមុន តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ (ក្នុងករណីមានជម្លោះប្រដាប់អាវុធ​ ទោះបីជាចេតនា​ ឬ​ អចេតនា)

វិធានការពិសេស៖

៨.

  • ប្រាស្រ័យ​ទាក់ទង​រវាងកងទ័ពទាំងពីរ​ ជាទៀងទាត់
  • រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍
  • ប្រាស្រ័យ​ទាក់ទង​ផ្ទាល់រវាងរដ្ឋមន្ត្រី និងអគ្គមេបញ្ជាការការពារជាតិ​ នៃភាគីទាំងពីរ (ជាទៀងទាត់)

៩. ហាមប្រាមការផ្សព្វផ្សាយព័ត៌មានមិនពិត

យន្តការនៃបទឈប់បាញ់

១០. ប្រកាន់ខ្ជាប់នូវការអនុវត្តបទឈប់បាញ់ និងបន្តបង្កេីតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)

១១. រៀបចំចាត់តំណាងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBCs) ដើម្បីធានាការអនុវត្តបទឈប់បាញ់​ និងសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)

១២. ក្នុងដំណាក់កាលបឋម​ ភាគីទាងពីរឯកភាពឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) នឹងបន្តសង្កេតការណ៍​ រហូតដល់មានក្រុមអ្នកសង្កេតការណ៍ផ្លូវការ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)

១៣.​ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ (GBC) ក្នុងរង្វង់មួយខែ​ (ទីតាំងប្រជុំ​នឹងពិភាក្សាបន្ត​)

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅចពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ហើយកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប្រព្រឹត្តថ្ងៃទី៧ ខែសីហា ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តការតាមដាន លទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទ៖ ពុទ្ធិកា