មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹក មកពីបណ្ដាខេត្ដចំនួន ៦ សរុប ២,៣៨៤គ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដកំពង់ធំ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្ដកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
ក្នុងពិធីសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងការសណ្ដោសប្រណី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជូនដល់ប្រជានុរាស្ដ្រដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ ក៏ដូចជាប្រជាជនទូទាំងប្រទេស។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការនឹករលឹក និងការព្រួយបារម្ដពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ទាំងចាស់ក្មេង ប្រុសស្រី ពិសេសមនុស្សចាស់ ស្ដ្រីមានផ្ទៃពោះ កុមារ និងទារកជាដើម ដែលជនងាយរងគ្រោះបំផុត ពេលចាកឆ្ងាយពីផ្ទះសម្បែង ដើម្បីគេចផុតពីការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ លើបញ្ហាព្រំដែន។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរនូវទឹកចិត្ដពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានឱ្យប្ដី និងកូនៗ ចូលរួមបម្រើជាតិមាតុភូមិ ដែលជាកងទ័ពជួរមុខ ការពារបូរណភាពទឹកដីពីដូនតាយើង ពិសេសក្នុងគ្រាដែលមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា ដោយសារតែមានការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប្រជាជនយើងភៀសសឹកស្វែងរកទីតាំងមានសុវត្ថិភាពមកដល់ខេត្ដកំពង់ធំនេះ។ ក្នុងឱកាសនេះក៏សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្ដទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋយើងភៀសសឹក ដែលមកពីបណ្ដាខេត្ដនានាមកស្នាក់នៅខេត្ដកំពង់ធំនេះ។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ពុកម៉ែបងប្អូនដែលបានភៀសសឹកមកនៅតំបន់មានសុវត្ថិភាព ត្រូវចេះគោរពស្រលាញ់គ្នា ជួយគ្នាទៅវិញទៅមក និងអាធ្យាស្រ័យគ្នាខ្ពស់។ ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសាទឹកដែលដាំឆ្អិន ការពារជំងឺរាគរូសផ្សេងៗ ថែរក្សាក្នុងបរិវេណយើងរស់នៅឱ្យបានស្អាតជានិច្ច ដូចជាកន្លែងគេងជាដើម ចៀងវាងមានសត្វខ្ទេច ខាំ ចឹក ដល់ខ្លួន និងកូនៗ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់ជួបរបស់ក្រុមគ្រូពេទ្យ មិនថាកូនដំបូង ឬកូនទី២ ឬទី៣ ដើម្បីការពារហានិភ័យសុខភាពណាមួយកើតឡើងជាយថាហេតុ និងត្រូវទទួលសេវាសុខភាពជាមួយគ្រូពេទ្យមានជំនាញ ឯកទេស និងបច្ចេកត្រឹមត្រូវ។
ក្នុងគ្រាដ៏លំបាកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា គឺនៅរួមសុខ រួមទុក្ខជាមួយពុកម៉ែបងប្អូនជានិច្ច, ជាក់ស្ដែងនៅថ្ងៃនេះ ក្រៅពីចុះសួរសុខទុក្ខ ក៏មាននាំយកនូវអំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋយើង ជាង២ពាន់គ្រួសារដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៣ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ២គីឡូ, ឃីត១ មាន (សារុង, ក្រមា, មុង, ភួយ), និងថវិកា ៥ម៉ឺនរៀល។
សម្រាប់ស្បៀងឧបភោគ-បរិភោគ និងថវិកានេះ គឺមកពីការជួយឧបត្ថម្ភពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ព្រោះថាកាកបាទក្រហមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល និងជាជំនួយការឱ្យអាជ្ញាធរលើការងារមនុស្សធម៌ ដូច្នេះដំណើរការមនុស្សធម៌អាចដំណើរការទៅបាន គឺក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនរហូតមក។ ក្នុងឱកាសនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលដល់សប្បរសជនទាំងអស់ ដែលតែងតែបានចូលឧបត្ថម្ភគាំទ្រជាថវិកា ស្បៀង សម្ភារៈផ្សេងៗកន្លងមក ដើម្បីរួមគ្នាបន្ដបេសកកម្មមនុស្សធម៌ជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ទាន់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ជាពិសេសក្នុងគ្រាដ៏លំបាកដោយសារទំទាស់ព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះដែរ តាងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានសម្ដែងនូវគារវកិច្ច និងគោរពអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកក្នុងខេត្តកំពង់ធំនាឱកាសនេះ ដែលបានគូសបញ្ជាក់ថា វត្តមានរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាពេលនេះ គឺបានបញ្ជាក់កាន់តែច្បាស់ពីទំហំទឹកចិត្ដអាណិត ស្រលាញ់ និងការព្រួយខ្វល់ខ្វាយរបស់មាតាមនុស្សធម៌គ្មានព្រំដែនចំពោះប្រជាជនភៀសសឹក ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះចំនួន ៦៧០ករណី នូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន រួមជាមួយនូវថវិកាសរុបចំនួន ៤២.៥៨៧.៥០០រៀល និង ៦៣៥ដុល្លាអាមេរិក។ តាមរយៈការឧបត្ថម្ភខាងលើពិតជា បានសម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រ និងរងគ្រោះមហន្តរាយផ្សេងៗ បានមួយកម្រិត ។

ពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានបង្កផលលំបាកយ៉ាងខ្លាំងមកលើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃផ្ទាល់ ។ជាក់ស្តែងប្រជាជនដែលភៀសសឹក ពីខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យកោះកុង បាត់ដំបង និងប៉ៃលិន មកស្នាក់ក្នុងខេត្តកំពង់ធំ មានសរុបចំនួន ២,៣៨៤គ្រួសារ ស្មើនឹង ៦,៣៣០នាក់ ក្នុងនោះជនភៀសសឹកជាប្រជាជនទូទៅមានចំនួន ១,៩៥៥គ្រួសារ និងជនភៀស
សឹកជាគ្រួសារយោធិនមានចំនួន ៤២៩គ្រួសារ។ ជាមួយគ្នានេះផងដែរ យុទ្ធជនដែលបានពលីនៅសមរភូមិមុខមានចំនួន ០៥នាក់ និងយោធិនរបួសកំពុងសម្រាកព្យាបាលក្នុងខេត្តកំពង់ធំចំនួន ១៨នាក់ ។
ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋភៀសសឹក ដែលបានជួយសំណេះសំណាល និងទទួលអំណោយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពចំពោះមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងគិតគូរខ្វល់ខ្វាយសុខភាពសុវត្ថិភាព ពិសេសបេះដូងរបស់អ្នកម្ដាយ គឺបានផ្សារភ្ជាប់នូវសុខទុក្ខរបស់ប្រជាជនជានិច្ច៕

