ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក ស៊ីម គា

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ នៅថ្ងៃអាទិត្យ ១០ សីហា ២០២៥ បន្តចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក ស៊ីម គា អាយុ ៣៧ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីលើសមរភូមិតំបន់ភ្នំទ្រព្យ។ ពិធីបុណ្យស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ាបានពាំនាំសាររំលែកទុក្ខពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

លោកឧកញ៉ាក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕