ទស្សនាបទ «អូនដឹកកូនស្វែករកជួបបង», ផលិតកម្ម «ហ្គាឡាក់ស៊ី ណាវ៉ាត្រា» ទទួលបានសិទ្ធិផលិត និងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញ​បូណ៌មី» ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។

ចម្រៀងបទ «អូនដឹកកូនស្វែករកជួបបង» ដកស្រង់ចេញពីរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានបញ្ជាក់នូវខ្លឹមសារទាំងស្រុងថា «រូបអូនអឺយឧិ!..រង់ចាំអើយ រង់ចាំ
ចាំពាក្យ​អឺយឧិ!..សន្យា ចាំពាក្យសន្យា ពាក្យដែល..ឧិ!ណាពាក្យដែលបងថា បងមកៗឧិ!រកស្រី បងមករកស្រី។ ឥឡូវអឺយឧិ!.. អូនចាំអឺយ អូនចាំ ស្វែងរកអឺយឧិ!.. ស្វាមី ស្វែងរកស្វាមី មិនឃើញ..​ឧិ!ណាមិនឃើញប្រុសថ្លៃរង់ចាំលុះថ្ងៃអវសាន លុះថ្ងៃអវសាន។ អូនបាត់អឺយ..ដំណឹងឈឹងអឺយ បាត់ឈឹង ព្រលឹងអឺយឧិ!..ទៅណា ព្រលឹងទៅណា ប្រាំពីរ..ឧិ!ណាប្រាំពីរមករា ខេមរាៗឧិ!រស់បាន ខេមរារស់បាន។ អូនតាមអឺយឧិ!..រកបងអឺយ រកបង គ្រប់ទីអឺយឧិ!..ភូមិឋាន គ្រប់ទីភូមិឋាន មិនឃើញ..ឧិ!ណាមិនឃើញកល្យាណ ប្រុសប្រាណសុខទុក្ខឧិ!យ៉ាងណា សុខទុក្ខយ៉ាងណា។ ឧិ!ប្ដី..សម្លាញ់ចិត្តអើយ សម្លាញ់ចិត្ត ស្មើនឹងប្រម៉ាត់ឧិ!សង្ខារ ប្រម៉ាត់សង្ខារ រូបអូន..អាណិតភ្នែកបងពិការ​ តើបានអ្នកណាមើលថែថ្លៃ អ្នកណាថែថ្លៃ។ អូនឮដំណឹង..បងនៅរស់អឺយនៅរស់ ដឹកដៃកូនប្រុសមកជួបប្តី មកជួបស្វាមី ២៤..កុម្ភៈជួបសាជាថ្មី ជុំប្ដីប្រពន្ឋកូនយើងវិញ ជុំកូនយើងវិញ»។

បទចម្រៀងនេះគ្រប់គ្រងការផលិត ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, និពន្ឋទំនុកច្រៀងដោយលោក ហ៊ឹម សុភា (នភា), សម្រួលបទភ្លេង: ដា ភ្លេង, ឧបករណ៍ភ្លេងខ្មែរៈ ឌៀប សិទ្ធសុធា, ច្រៀងៈ សុន ស្រីពេជ្រ, លំនាំបទ «ម្លប់ដូង» និងដកស្រង់ពីរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ភាគ(៨៦)។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅ ផ្តល់ឱកាសឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាព ដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ ដែលបានទទួលនូវភារកិច្ច ដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

ទន្ទឹមនឹងគ្នានេះ អ្នកឧកញ៉ា អះអាងថាពេលដែលទទួលការងារមួយនេះ រូបលោកមានក្ដីរំភើបរីករាយ ព្រោះភារកិច្ចដ៏ធំធេង គឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយលោក ហ៊ឹម នភា ជាកវីនិពន្ធដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយ ឲ្យបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។

សាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់សម្តេចក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់ តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។

អ្នកចម្រៀងពីររូប គឺលោក ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ គឺជាអ្នកចម្រៀងដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេញចិត្ត និងផ្ដល់ឱកាសឱ្យច្រៀងក្នុងការផលិតមួយនេះ និងអមជាមួយតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្ម ហ្គាឡាក់ស៊ី​ ណាវ៉ាត្រា។

លោក ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់សម្តេចតេជោ ដើម្បីផ្សព្វផ្សាយបន្ថែម៕