ចំណាយពេលជាង៣ឆ្នាំ ឱក សុគន្ធកញ្ញា ទើបសម្រេចចេញបទចម្រៀង « រួមចិត្តតែមួយ » 

ស្ថិតក្នុងកាលៈទេសៈនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយឱ្យចំសភាពការដែលមានចំណងជើងថា « រួមចិត្តតែមួយ » ដោយនាងបានបញ្ជាក់ថា បទចម្រៀងនេះនាងបានចងក្រងកាលពីជាង៣ឆ្នាំមុន ។ 

តារាចម្រៀង ឱក សុគន្ធកញ្ញ ទើបតែត្រឡប់មកពីដើរកម្សាន្តនៅទឹកដីប្រទេស អូស្រ្តាលី កាលពីពេលថ្មីៗនេះ ទោះបីជាពេលនោះនាងកំពុងដើរកម្សាន្ត ប៉ុន្តនាងក៏បានចូលរួមធ្វើការតវ៉ាជាមួយបងប្អូនប្រជាជន ខ្មែរ នៅទីនោះដើម្បីបង្ហាញទៅពិភពលោកឱ្យបានដឹងថា ប្រទេស ថៃ កំពុងតែឈ្លានពានទឹកដី កម្ពុជា ។ ដោយឡែកគ្រាន់តែត្រឡប់ដល់ស្រុកកំណើតវិញ ​ឱក សុគន្ធកញ្ញា ក៏បានចាប់ផ្តើមបញ្ចេញសកម្មភាពសប្បុរសធម៌ដើម្បីស្វែងរកថវិការជួយដល់បងប្អូនកងទ័ពជួរមុខដែលកំពុងឈរជើងនៅសមរភូមិមុខ និងជួយជនភៀសសឹក ដែលកំពុងជួបនូវការលំបាក ព្រោះតែការឈ្លានពានរបស់ សៀម មកលើដី កម្ពុជា ។ 

ទន្ទឹមនិងការធ្វើសកម្មភាពសប្បុរសធម៌នេះ ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញនូវបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « រួមចិត្តតែមួយ » ដែលជាបទចម្រៀងមួយបទពោរពេញដោយអត្ថន័យ ។ 

ឱក សុគន្ធកញ្ញា បាននិយាយថា « បទចម្រៀងមួយបទនេះពួកយើងបាននិពន្ធ និងចងក្រងកាលពីជាង៣ឆ្នាំមុន ជាការពិតណាស់ថាពួកយើងមិនទាន់មានឱកាសបានបញ្ចេញ ដោយស្ទេងនៅក្នុងកាលៈទេសៈនេះ ពួកយើងច្បាស់ថា ពួកយើងស្រឡាញ់គ្នា រួបរួមទាំងកម្លាំងកាយ កម្លាំងចិត្តចេញពីបេះដូងរបស់ពួកយើង ពុះពារឆ្លងទៅជាមួយគ្នា និងជឿជាក់ថា ការរួមចិត្តតែមួយរបស់ពួកយើងពិតជាអាចធ្វើបានដើម្បី កម្ពុជា » ៕