សារព័ត៌មានក្នុងស្រុកថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុមបះបោរទាមទារផ្តាច់ខ្លួន បានបើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃពុធ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមន្ត្រីយ៉ាងហោចណាស់ ៤នាក់រងរបួស។

អាជ្ញាធរតំបន់របស់ថៃបានបញ្ជាក់ថា ក្រុមជនសង្ស័យបានរត់គេចខ្លួន ខណៈកងកម្លាំងបានបាញ់តបតវិញ។ បើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីទិដ្ឋភាពរថយន្ត Pick-up មួយគ្រឿងបានបើកបំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយដែលស្ថិតក្នុងស្រុក Tak Bai មុននឹងផ្ទុះឡើង បណ្តាលឱ្យមន្ត្រីស្ម័គ្រចិត្ត ៤នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប៉ុស្តិ៍ត្រួតពិនិត្យ។
ក្រោយមានផ្ទុះករណីក្រុមបះបោរ មេបញ្ជាការយោធភូមិភាគទី៤របស់ថៃ លោក Paisal Nusang បានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខទូទាំងតំបន់ និងបិទច្រករត់គេចខ្លួន ជាពិសេសនៅតាមព្រំដែនថៃ-ម៉ាឡេស៊ី។ លោកក៏បានណែនាំឱ្យមន្ត្រីបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត៕





