លោក ម៉ៃឃើល អាល់ហ្វារ៉ូ៖ ប្រទេស​ថៃ​កំពុង​ដួល​រលំ​ក្រោម​ភាព​ចលាចល​នយោបាយ

លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) ក្រុមការងារលោក ហ្គែររីហ្រ្វែនឈី ដែលជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានគូសបញ្ជាក់ថា មួយថ្ងៃៗ ថៃបដិសេធមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ដែលជាប់ឃុំឃាំងបំពានបទឈប់បាញ់ ហើយមួយថ្ងៃៗពួកគេបដិសេធមិនប្រគល់សព ការចំណាយកាន់តែធ្ងន់ឡើង មិនមែនត្រឹមតែតម្លៃមនុស្សប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ 

លើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានលើកឡើងថា ប្រទេស​ថៃ​កំពុង​ដួល​រលំ​ក្រោម​ភាព​ចលាចល​នយោបាយ។ ការដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានធ្វើឱ្យគណបក្សប្រជែងដណ្តើមអំណាច ជាមួយនឹងការអំពាវនាវឱ្យរំលាយសភា និងរៀបចំការបោះឆ្នោតថ្មី។ 

លោកបានស្រង់ទិន្នន័យពីទស្សនាវដ្តី Bloomberg បង្ហាញដោយបញ្ជាក់ក្នុងរាយការណ៍ថា ធនាគារកណ្តាលថៃអាចនឹងត្រូវបង្ខំឱ្យកាត់បន្ថយអត្រាការប្រាក់ ០.៥% នៅខែតុលា ដោយសារកំណើនត្រូវបានព្យាករណ៍ត្រឹមតែ ២% ក្នុងឆ្នាំ ២០២៥ ពោលគឺទាបជាងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។

បើតាមលោក ម៉ៃឃើល អាល់ហ្វារ៉ូ វិនិយោគិនមើលឃើញអស្ថិរភាព អាជីវកម្មមើលឃើញហានិភ័យ ហើយពិភពលោកឃើញរដ្ឋាភិបាលដែលរំលោភបំពានសន្តិភាព ចាប់ឃុំខ្លួនទាហាន និងមិនគោរពអ្នកស្លាប់។ លោកថា រាល់ការបដិសេធ រាល់ថ្ងៃកំពុងជំរុញឱ្យប្រទេសថៃធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត។

លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានបញ្ជាក់បន្ថែមថា សន្តិភាពនាំមកនូវស្ថិរភាព។ ការឈ្លានពានបន្តនាំមកនូវការដួលរលំ។ ជម្រើស​គឺ​ជា​ជម្រើស​របស់​ប្រទេស​ថៃ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ពេល​វេលា​ជិត​អស់​ហើយ។