យោធាកម្ពុជា-ថៃ ពិភាក្សារៀបផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ជាជំហានៗ ចេញពីតំបន់ជម្លោះ

នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។ 

គួរបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។ 

កិច្ចប្រជុំពិសេសនេះបានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀល៕