ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិយើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍប្រកបដោយចីរភាព។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ត្បិតថាទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ ដូច្នេះកម្ពុជានឹងទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាកម្លាំងចលករដ៏សំខាន់គាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបក៏បានលើកទឹកចិត្តក្រុមការងារទទួលបន្ទុកការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញតាមភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូនជោគជ័យ និងសូមជូនពរឱ្យមានសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាពធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ៕

