នាយករដ្ឋមន្ត្រីអូស្ត្រាលី បណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ចូលផ្ទះខ្លួនវិញ

ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។

ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារ​លើ​ជនជាតិ​ជ្វីហ្វ​យ៉ាងតិចពីរករណី​នៅលើទឹកដីអូស្ត្រាលី។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ លោក​បាន​ថ្កោលទោស​ទង្វើ​ទាំងនេះ​ថា​ ជា​​អំពើ​ឈ្លានពាន​ និង​គ្រោះថ្នាក់​ដែល​រៀបចំ​ដោយ​បរទេស​​។

នៅក្នុងវិធានការនេះ រដ្ឋាភិបាលអូស្ត្រាលី ទុកពេលឲ្យឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ ៧​ថ្ងៃ​ដើម្បី​ចាកចេញ​ពី​ប្រទេសអូស្ត្រាលី។ បន្ថែម​ពី​នេះ អូស្ត្រាលីនឹងដាក់អង្គភាព​ IRGC របស់​អ៊ីរ៉ង់​ជាផ្លូវការចូល​ទៅ​ក្នុង​បញ្ជី​អង្គការភេរវករ។

បើតាមលោក Albanese អូស្រ្តាលីបានកោះហៅអគ្គរាជទូតរបស់ខ្លួនប្រចាំនៅអ៉ីរ៉ង់ត្រឡប់មកវិញ ហើយផ្អាកប្រតិបត្តិការរបស់ស្ថានទូតជាបណ្តោះអាសន្ន នៅទីក្រុងតេហេរ៉ង់។

គួរឲ្យដឹងដែលថា ចំណាត់ការ​​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ផ្ទុះ​ឡើង​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣៕