នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្វាគមន៍ដោយ ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។

នៅលើបណ្តាញសង្គម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
ទន្ទឹមគ្នានឹងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ តុលា ស្អែកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានបន្តដំណើរការកិច្ចប្រជុំនៅថ្ងៃទីបី ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ បានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះ ក៏ធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ៕

