ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។

ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារលើជនជាតិជ្វីហ្វយ៉ាងតិចពីរករណីនៅលើទឹកដីអូស្ត្រាលី។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ លោកបានថ្កោលទោសទង្វើទាំងនេះថា ជាអំពើឈ្លានពាន និងគ្រោះថ្នាក់ដែលរៀបចំដោយបរទេស។
នៅក្នុងវិធានការនេះ រដ្ឋាភិបាលអូស្ត្រាលី ទុកពេលឲ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ៧ថ្ងៃដើម្បីចាកចេញពីប្រទេសអូស្ត្រាលី។ បន្ថែមពីនេះ អូស្ត្រាលីនឹងដាក់អង្គភាព IRGC របស់អ៊ីរ៉ង់ជាផ្លូវការចូលទៅក្នុងបញ្ជីអង្គការភេរវករ។
បើតាមលោក Albanese អូស្រ្តាលីបានកោះហៅអគ្គរាជទូតរបស់ខ្លួនប្រចាំនៅអ៉ីរ៉ង់ត្រឡប់មកវិញ ហើយផ្អាកប្រតិបត្តិការរបស់ស្ថានទូតជាបណ្តោះអាសន្ន នៅទីក្រុងតេហេរ៉ង់។
គួរឲ្យដឹងដែលថា ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្នុងការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វនៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣៕


