សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុបឲ្យទទួលបានលទ្ធផលវិជ្ជមានជាមួយនឹង​សមត្ថភាពពិត“អ្នកចេះគឺជាប់”

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា​ ២០២៤-២០២៥ ថ្ងៃទី១ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរឱ្យសិស្សានុសិស្សជាបេក្ខជនទាំងអស់ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:​យ៉ាងសកម្មនៃ​ការសិក្សាពេញមួយឆ្នាំ​កន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។

ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃគណ:កម្មាធិការរៀបចំការប្រឡង,​ អាជ្ញាធររាជធានី-ខេត្ត​ និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួចសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៨ សីហា នឹងធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងនោះ បេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤ម៉ឺននាក់ និងមណ្ឌលប្រឡងនៅទូទាំងប្រទេសមាន ២៤១មណ្ឌល រួមមាន ថ្នាក់វិទ្យាសាស្រ្ត មាន៧២មណ្ឌល ខណៈថ្នាក់វិទ្យាសាស្រ្តសង្គម មានដល់ ១៦៩មណ្ឌល៕