កូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំអស់ច្រើនឆ្នាំបានក្លាយជាការពិតហើយ សូមស្វាគមន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ »

សមិទ្ធផលដែលកូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំមើលអស់ជាច្រើនឆ្នាំ ពេលនេះក្តីស្រមៃនោះបានក្លាយមកជាការពិតហើយ នោះគឺអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជេីងមេឃកម្ពុជា ដែលយើងគ្រប់រូបគ្នារង់ចាំទះដៃសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ដំណេីរការចាប់ពីថ្ងៃស្អែកហេីយ ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការបើកជេីងមេឃកម្ពុជា កាន់តែធំ។ កម្ពុជា សូមស្វាគមន៍គ្រប់ដំណេីរបេសកកម្ម ធុរកិច្ច និងទេសចរណ៍។

មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា។ លើសពីនេះ ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F ផងដែរ។ ទាំងអស់នេះជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

យើងក៏សូមលាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតួនាទីដ៏សំខាន់ភ្ជាប់ជើងមេឃកម្ពុជាជាមួយពិភពលោក ពេលនេះអាកាសយានដ្ឋានដែលប្រជាជនស្គាល់ថា ព្រលានពោធិ៍តុង មានអាយុកាល ៦៦ឆ្នាំនឹងត្រូវលាប្រជាជនកម្ពុជាទាំងអាល័យ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានី៕