អ្នកនាង គង់ សុជាតិ បង្ហាញពីភាពអស្ចារ្យនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ! 

ខណៈពេលដែលទៅថតនិងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីពេលថ្មីៗនេះ អ្នកនាង គង់ សុជាតិ បានបង្ហាញនូវអារម្មណ៍រីករាយ និងបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ ខ្មែរ យ៉ាងស្រស់ស្អាត ដើម្បីផ្សព្វផ្សាយនិងបង្ហាញឱ្យពិភពលោកបានឃើញពីអាកាសយានដ្ឋានអន្តរជាតិដ៏អស្ចារ្យរបស់ កម្ពុជា ។ 

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៥នេះតទៅហើយ សិល្បករសិល្បការិនី និងអ្នកបង្កើតមាតិជាច្រើនបាននាំស្វែងយល់ និងផ្សព្វផ្សាយពីអាកាសយាដ្ឋានដ៏អស្ចារ្យមួយនេះដើម្បីឱ្យពិភពលោកបានស្គាល់ ។ 

ស្ថិតក្នុងសម្លៀកបំពាក់បុរាណ អ្នកនាង គង់ សុជាតិ ពិតជាស្រស់ស្អាតខ្លាំងណាស់ទឹកមុខប្រកបដោយភាពជឿជាក់ អ្នកនាងបាននិយាយថា « អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាស្នាដៃដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ត នៃការអភិវឌ្ឍន៍ប្រទេស និងជា វីរបុរសថ្មីនៃឧស្សាហកម្មទេសចរណ៍ កម្ពុជា » ។ 

ជាមួយនិងក្តីរំភើបនេះ អ្នកនាង គង់ សុជាតិ ក៏បានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីឱ្យពិភពលោកកាន់តែបានស្គាល់ និងបានដឹងពីប្រទេស កម្ពុជា ឱ្យខ្លាំងក្លាឡើង ក្នុងនាមជាសិល្បការិនីមួយរូបនៅក្នុងប្រទេស កម្ពុជា  ​ អ្នកនាងរំពឹងថាតាមរយៈការបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងកាន់តែធ្វើឱ្យវិស៍យទេសចរណ៍នៅ កម្ពុជា កើនឡើងជាលំដាប់ ។  ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ មានភាពអស្ចារ្យ និងមានចំណុចពិសេសៗជាច្រើន និងបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F ផងដែរ ៕