CDC រំពឹងថា ថ្នាក់ដឹកនាំ​ខេត្តហឺណាន នឹងបន្តជំរុញវិនិយោគិនឲ្យ​វិនិយោគ​បន្ថែម​នៅកម្ពុជា

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្តីរំពឹងថា ថ្នាក់ដឹកនាំខេត្តហឺណាន របស់ប្រទេសចិន នឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បី ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។

ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម និងឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអគ្គលេខាធិការ បានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។

ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និយាយជារួម និយាយដោយឡែកថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណានដែលតែងតែខិតខំជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវិនិយោគមកពីប្រទេសចិននៅ​កម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ ស្របគ្នានេះ ឯកឧត្តមបានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

គួរបញ្ជាក់ថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕

អត្ថបទ៖ ពុទ្ធិកា