ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd និង ក្រុមហ៊ុន Nongde Agricultural Developm ent Co., Ltd បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារក្នុងរយៈពេល ២ឆ្នាំខាងមុខ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញជាសាក្សី ពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។

លោកជំទាវ ចម និម្មល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីបន្តកិច្ចសហការ និងឈានដល់ការចុះអនុស្សរណៈជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕
អត្ថបទ៖ ពុទ្ធិកា