ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ចុះMOU នាំចេញបន្លែផ្លែឈើពីកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ ក្នុងទំហំ​​ទឹក​ប្រាក់​៣០​លាន​ដុល្លារ ​រយៈពេល​២​ឆ្នាំ

ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd​ និង ក្រុមហ៊ុន Nongde Agricultural Developm ent Co., Ltd​ បានចុះអនុស្សរណៈនៃការយោគយល់​គ្នា ក្នុង​​គោលបំណងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជា​ទៅកាន់ទីផ្សារប្រទេសចិន ​ ក្នុងទំហំ​​ទឹក​ប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​រយៈពេល ​២​ឆ្នាំ​ខាង​មុខ។

ពិធី​ចុះអនុស្សរណៈនៃការយោគយល់​គ្នានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមការអញ្ជើញជាសាក្សី ពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។

លោកជំទាវ ចម និម្មល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិនឱ្យ​កាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុង​ទិសដៅ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការ​នាំចេញ​ផលិតផល​កសិកម្មកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន​ មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បាន​លើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ​ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យតំបន់​(អាសិប) កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ ដើម្បី​បន្ត​កិច្ច​សហការ​ និង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈជា​បន្ត​បន្ទាប់​រវាង​ប្រទេស​ទាំងពីរ។​

គួរបញ្ជាក់ថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕

អត្ថបទ៖ ពុទ្ធិកា