អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានមិនពិតដែលថា “រាជរដ្ឋា​ភិបា​ល​​កម្ពុជាមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ”

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” ។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។ ហើយអង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំ ទាំងមុនពេល អំឡុងពេល និងក្រោយពេលប្រយុទ្ធ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបន្តថា ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឱ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ នៅរាជធានីភ្នំពេញ។

អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលសហការ ជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការ ជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខ ចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្ន ថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាល និងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕

អត្ថបទ៖ ពុទ្ធិកា