កញ្ញា ដេត ស្រីនាថ ទុកគម្រោងរៀបការមួយឡែក ខណៈត្រៀមខ្លួនចូលប្រកួតក្នុងការប្រកួត Miss Charm ! 

ថ្វីត្បិតតែមានគម្រោងរៀបការកញ្ញា ដេត ស្រីនាថ សុខចិត្តទុកគម្រោងនេះមួយឡែក ដើម្បីដាក់ចិត្តដាក់កាយចំពោះការប្រកួត Miss Charm ដែលរៀបចំឡើងនៅប្រទេស វៀតណាម ក្នុងពេលឆាប់ៗខាងមុខ ។ 

កញ្ញា ដេត ស្រីនាថ ត្រូវបានជ្រើសរើសតំណាង កម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Charm នៅប្រទេស វៀតណាម បន្ទាប់ពីនាងបានគ្រងមកុដ Miss Lakamo Cambodia ក្រោយពីទទួលតំណែងនេះនាងបានដាក់ចិត្តដាក់កាយខ្លាំងចំពោះការប្រកួត ពីព្រោះនាងមិនចង់ឱ្យមានប្រវត្តិសាស្រ្តជ្រាំដែលដូចកាលពីពេលកន្លងមកឡើយ  ដូចមហាជនបានដឹងស្រាប់ហើយថា កញ្ញា​ ដេត ស្រីនាថ ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំងបន្ទាប់ពីបោះបង់ការប្រកួតអស់ចំនួន២លើក ។ 

កញ្ញា ដេត ស្រីនាថ បានឱ្យដឹងថា នាងកំពុងហ្វឹតហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ដោយរំពឹងថាការប្រកួតនេះ នាងអាចមានឱកាសបានចូល Top ជាក់ជាមិនខាន ។ 

ខណៈពេលដែលដាក់ចិត្តដាក់កាយចំពោះការប្រកួតនេះ ក៏មានព័ត៌មានថា កញ្ញា ដេត ស្រីនាថ មានគម្រោងនឹងរៀបការជាមួយគូស្នេហ៍របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ។ ចំពោះរឿងនេះផងដែរ កញ្ញា ដេត ស្រីនាថ បានបង្ហើបប្រាប់ថា នាងទុកគម្រោងរៀបការមួយឡែកសិន ដើម្បីមានពេលវេលាច្រើនក្នុងការហ្វឹតហាត់ពង្រឹងសមត្ថភាពទាំង ចំណេះដឹង ការដើរម៉ូដ និងថែករក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាត ។ 

គួររំលឹកផងដែរថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានប្រាប់នាពេលកន្លងមកថា នាងប្រលូកក្នុងវិស័យបវរកញ្ញាលើកនេះ គឺជាលើកចុងក្រោយហើយ មុននឹងនាងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ពីព្រោះនាងមានក្តីស្រមៃធំដែលចង់ឡើងឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីខកខានឱកាសល្អចំនួន២លើកកន្លងមក ៕