នាដការីរបាំបុរាណ សុខគា គីមលាង រក្សាភាពស្ងប់ស្ងាត់ក្រោយស្ថាប័ន Miss Universe Cambodia ប្រកាសមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀត ! 

ក្រោយពីស្ថាប័ន Miss Universe Cambodia ប្រកាសជាសាធារណៈថា កញ្ញា សុខគា គីមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀតនោះ ស្រាប់តែកញ្ញា សុខគា គីមលាង ហៅ កូនអាន មិនមានប្រតិកម្ម អ្វីទាំងអស់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ។ 

កញ្ញា សុខគា គីមលាង បានជាប់លំដាប់រងទី១ នៅក្នុងកម្មវិធី Miss Universe Cambodia ២០២៥ ប៉ុន្តែលទ្ធផលនេះមិនបានធ្វើឱ្យនាងពេញចិត្តនោះទេ នាងមានការខកចិត្តជាខ្លាំងដែលមិនអាចគ្រងមកុដ Miss Universe Cambodia 2025 តាមបំណងប្រាថ្នា រហូតសំងំលួចស្រកទឹកភ្នែក ។ រំលងនៃការគ្រងមកុដមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែស្ថាប័ន Miss Universe Cambodia បានចេញប្រកាសថា កញ្ញា សុខគា គីមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ Miss Universe Cambodia ទៀតទេ ។ ស្ថាប័ននោះថែមទាំងរៀបរាប់ថា « ស្ថាប័នកញ្ញាឯកចក្រវាឡកម្ពុជា មានកត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាប់ថា កញ្ញា សុខគា គីមលាង MUC15 នឹងចាប់ផ្តើមដំណើរថ្មីនៃជីវិត និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នទៀតទេ ។ សូមបញ្ជាក់ថា នេះមិនមែនជាការលាលែងតំណែងនោះទេ ប៉ុន្តែជាការឈានជំហានថ្មីមួយ និងការបើកឱកាសក្នុងការលូតលាស់ និងការអភិវឌ្ឍន៍បន្តទៀត » ។

បន្ទាប់ពីស្ថាប័ន Miss Universe Cambodia ប្រកាសបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ និងចង់ឱ្យកញ្ញា សុខគា គីមលាង ចេញមុខបញ្ជាក់ការពិត ប៉ុន្តែក្រឡេកទៅមើលកញ្ញា សុខគា គីមលាង វិញ ហាក់បីដូចជាមិនខ្វាយខ្វល់អ្វីទាំងអស់ នាងរក្សាភាពស្ងប់ស្ងាត់ មិននិយាយអ្វីសូម្បីតែមួយមាត់ ។ 

មកទល់ពេលនេះហើយនាថការីរបាំបុរាណ សុខគា គីមលាង នៅតែមិនតបត ឬចេញមុខបញ្ជាក់ការពិតដើម្បីឱ្យអ្នកគាំទ្របានអស់ចិត្តឡើយ សូម្បីតែនៅលើផេកហ្វេសប៊ុករបស់នាងក៏ស្ងប់ស្ងាត់ មិនឃើញអ្វីប្លែកដែរ ហើយនាងក៏មិនបានបញ្ចេញថា ខ្លួនបោះបង់មកុដលំដាប់រងទី១ចោលដែរ ។

បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយកញ្ញា សុខគា គីមលាង បានលួចបង្ហើបប្រាប់ថា កញ្ញា សុខគា គីមលាង ហៅកូនអាន ពេលនេះអារម្មណ៍មិនល្អ មិនសប្បាយចិត្តទេ នាងសុំពេលនៅស្ងប់ស្ងាត់ បន្ទាប់ពីខកចិត្តនៅក្នុងការប្រកួត ៕