សូមប្រយ័ត្ន! កម្ពុជា ធ្លាប់រកឃើញវីរុសនីប៉ាហ៍លើសត្វប្រចៀវ តែមិនទាន់រកឃើញលើមនុស្សនៅឡើយ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេស ម៉ាឡេស៊ីទៀតទេ។ វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែសនិងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការ ផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែសនិងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។ ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ។

បើតាមក្រសួងសុខាភិបាល របៀបចម្លងជំងឺនេះ៖ សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ចម្លងវីរុសទៅ សត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា ឈាម លាមកឬទឹក នោមនៃសត្វទាំងនេះ។ ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ ។ មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍។ ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។

ចំពោះរោគសញ្ញា៖បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឱ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ ។ បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។ បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងបានប្រាប់របៀបបង្ការផងដែរគឺ៖ លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រចាំ ជាមួយនឹងសាប៊ូ, ចៀសវាងប៉ះពាល់ជាមួយ សត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ, បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វគួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់។ ការ សម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃ ការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត, កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀត។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះ, លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល, ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុង អំឡុងពេលនៃការសម្លាប់ និងការកំទេចចោល, កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរ សុខទុក្ខអ្នកជំងឺ, បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លង ត្រូវអនុវត្តការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា, ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្ត ដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន៕

5
Promotion