មកទល់ពេលនេះ ការចរចារសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន គ្មានពន្លឺបញ្ចប់សង្គ្រាមឡើយ

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា គ្មានសញ្ញាណាមួយពីទីក្រុងកៀវ អំពីការចាប់ផ្តើមឡើងវិញនៃការចរចារវាងគណៈប្រតិភូរុស្ស៉ី និងអ៊ុយក្រែននោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញាថា អ្នកចរចារុស្ស៉ី និងអ៊ុយក្រែនបានជួបគ្នាផ្ទាល់ ៣លើកក្នុងឆ្នាំនេះ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលលេីកចុងក្រោយគឺនៅថ្ងៃទី២៣ ខែកក្កដា។ ក្រោយមកក៏មានការប្រគល់ឈ្លេីយសឹក និងសាកសព ប៉ុន្តែភាគីទាំងពីរនៅខ្វែងគំនិតគ្នាខ្លាំងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព។ 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Pesko បានលើកឡើងយ៉ាងដូច្នេះថា «ជារួម រហូតមកដល់ពេលនេះ គ្មានសញ្ញាណាមួយពីទីក្រុងកៀវ ទាល់តែសោះ»។

គួរឲ្យដឹងថា រុស្ស៉ីចោទប្រកាន់ទីក្រុងកៀវ ថាមិនទទួលស្គាល់ការពិតនៅសមរភូមិ ខណៈអ៊ុយក្រែនថាទីក្រុងមូស្គូគ្មានចំណាប់អារម្មណ៍ចរចា និងបន្តព្យាយាមដណ្តើមយកទឹកដីរបស់ខ្លួនបន្ថែម។ ចំណែកកិច្ចខិតខំប្រឹងប្រែងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្រ្គាមជាង ៣ឆ្នាំមកនេះ មិនទាន់មានលទ្ធផលទេ៕