ក្រសួងអប់រំ បង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំ ដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ដោយស្ថិតក្រោមរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងនិងចាត់ចែងផ្ទាល់ របស់វិទ្យាស្ថានបញ្ជាការសេនាធិការនៃក្រសួងការពារជាតិ។

បើតាមប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានកំណត់ឲ្យនាយកសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងនាយកវិទ្យាស្ថាន​បញ្ជាការសេនា​ធិការ នៃក្រសួងការពារជាតិ ត្រូវសហការជាមួយរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ក្នុងការគាំទ្របច្ចេក​ទេស និងគរុកោស​ល្យស​ម្រា​ប់​ដំណើរកា​រសាលាមត្តេយ្យសិក្សា។

សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈដឹកនាំ ដោយនាយកមួយរូប និងនាយករងស្របតាម​និយាមប្រើប្រាស់បុគ្គលិ​កអ​ប់រំ​របស់ក្រសួង​អប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ ក្រសួងអបរំ ក៏តួនាទី និងភារកិច្ចរបស់ សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដូចជា អនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងកម្មវិធីគាំទ្រនានា សំដៅធានាគុណភាពសេវាអប់រំកុមារតូច,ធានាផ្តល់សេវាអប់រំមត្តេយ្យសិក្សាប្រកបដោយគុណភាព ដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ក្រោម ០៦ឆ្នាំឬ៧០ខែ ប្រកបដោយសមធម៌ និងបរិយាបន្ន ,អនុវត្តកម្មវិធីសិក្សាលម្អិតសម្រាប់មត្តេយ្យសិក្សា និងសៀវភៅសិក្សាគោលសម្រាប់មត្តេយ្យ សិក្សា ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា, រៀបចំថ្នាក់រៀន ទីចាត់ការ សាលប្រជុំ និងបណ្ណាល័យ សម្ភារៈសិក្សាស្របតាមស្តង់ដា គុណភាពអប់រំនិងស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ។

រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍ និងផែនការប្រតិបត្តិប្រចាំឆ្នាំស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យអប់រំខេត្តកំពង់ស្ពឺ, គ្រប់គ្រងបុគ្គលិកអប់រំ ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ,កៀរគរធនធានពីសប្បុរសជន សហគមន៍ និងដៃគូអភិវឌ្ឍនានា គាំទ្រការអនុវត្តកម្មវិធីនានា ដើម្បីលើកកម្ពស់គុណភាពការបង្រៀន និងរៀន​,សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ,ធ្វើរបាយការណ៍តាមកាលកំណត់ ជូនរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ស្ពឺ និងនាយកវិទ្យាស្ថានបញ្ជាការសេនាធិការនៃក្រសួងការពារជាតិ និង​ទទួលអនុវត្តភារកិច្ចផ្សេងៗ​ទៀតតាមការប្រគល់ពីនាយកវិទ្យាស្ថានបញ្ជាការសេនាធិការនៃ ក្រសួងការពារជាតិ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ។

សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានសិទ្ធិទទួលមូលនិធិដំណើរការសាលារៀន សាធារណៈឬរបបឧបត្ថម្ភផ្សេងៗទៀត និងមានសិទ្ធិប្រើប្រាស់បុគ្គលិកអប់រំ ឬគ្រូកិច្ចសន្យា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានសិទ្ធិកៀរគរធនធានពីសហគមន៍ មាតាបិតា អ្នកអាណា​ព្យាបាល ដៃគូអភិវឌ្ឍ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនដើម្បីដំណើរការ អភិវឌ្ឍសាលា។

អត្ថបទ៖ ពុទ្ធិកា