រដ្ឋាភិបាលរបស់លោក Anutin Charnvirakul ប្រកាសគ្រោងនឹងធ្វើសំណើរៀបចំប្រជាមតិមួយ ស្ដីពីថា តើគួរលុបចោលកិច្ចព្រមព្រៀងពីស្ដីពីការបោះបង្គោលព្រំដែនរបស់ថៃជាមួយកម្ពុជា ឬយ៉ាងណា។ ជាប្រជាមតិ ដែលនាយករដ្ឋមន្រ្តីថៃអះអាងថា គឺជាផ្នែកមួយនៃផែនការ ដើម្បីដោះស្រាយជម្លោះដែលកំពុងតែកើតមានជាមួយប្រទេសកម្ពុជា។
ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែកញ្ញា បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ Anutin និយាយថា ដើម្បីចៀសវាងជម្លោះបន្ថែមទៀត រដ្ឋសភាបានបង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាលើបញ្ហានេះរួចហើយ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលនឹងត្រូវស្នើធ្វើប្រជាមតិលើបញ្ហានេះ។
សូមបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជាវិបត្តិព្រំដែនរវាងប្រទេសថៃនិងកម្ពុជាបានផ្ទុះឡើងទៅជាជម្លោះដ៏ហិង្សារយៈពេល ៥ថ្ងៃកាលពីចុងខែកក្កដាកន្លងទៅ។ យ៉ាងណា ប្រទេសទាំងពីរក៏ធ្លាប់បានជជែកគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយលើចំណុច ដែលមិនទាន់បានបោះបង្គោលតាមបណ្ដោយព្រំដែនគោក ដែលមានប្រវែង ៨១៧គីឡូម៉ែត្រ៕