នាយករដ្ឋមន្រ្តីថៃព្យួរតំណែង លោកស្រី Paetongtarn Shinawatra បានទៅដល់តុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដើម្បីផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងដ៏ចម្រួងចម្រាស ដែលអាចរុញច្រានលោកស្រីចេញពីតំណែងជាផ្លូវការ ជុំវិញបទចោទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ នៅក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញថៃ បានហាមការ ផ្សាយព័ត៌មានក្នុងសវនាការ ក្នុងសំណុំរឿងលោកស្រី Paetongtarn ដោយហាមមិនឱ្យអ្នកណាម្នាក់នៅក្នុង បន្ទប់សវនាការរាយការណ៍ព័ត៌មានអំពីសវនាការទាំងមូលចេញទៅខាងក្រៅឡើយ។
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដាកន្លងទៅបានសម្រេចចិត្តព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី Paetongtarn Shinawatra ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយសារសំលេងតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ។
ការសម្រេចរបស់តុលាការធម្មនុញ្ញថៃធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រី Paetongtarn ថា គ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន។
ទោះបីជាព្យួរតំណែងនាយករដ្ឋមន្ត្រីថៃក៏ដោយលោកស្រី Paetongtarn នៅតែអាចបំពេញមុខងារជារដ្ឋមន្ត្រីវប្បធម៌ថៃ នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី៕


