តារាសម្តែង សាយ សៀរ៉ា ត្អូញមិនមានអ្នកហៅថតដូចមុន ! 

ធ្លាប់ជាតារាសម្តែងល្បីឈ្មោះនិងមានផលិតកម្មជាច្រើនហៅថតមិនដែលខាន ដោយឡែកចុងក្រោយនេះស្រាប់តែតារាសម្តែង សាយ សៀរ៉ា ត្អូញត្អែរមិនមានអ្នកហៅថតទៅវិញ ។ 

លោក​ សាយ សៀរ៉ា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងវិស័យសិល្បៈ ដែលមានស្នាដៃសម្តែងច្រើនរាប់មិនអស់ មិនថាតួឯកតួរង ឬតួបែបណាទេលោកធ្លាប់សម្តែងគ្រប់រូបភាព ជាក់ស្តែងក្នុងមួយឆ្នាំៗលោកទទួលថតមិនតិចជាង១០រឿងដែរ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះតារាប្រុសរូបសង្ហានេះ បែរជាមិនសូវមានហាងឆេងក្នុងការសម្តែងសោះ ។ 

ថ្មីៗនេះលោក សាយ សៀរ៉ា ថែមទាំងបានត្អូញត្អែរថា « មួយរយៈនេះស្ងាត់ការងារ អត់មានគេហៅថតសោះ ។ អ្នកដឹកនាំរឿងអស់មើលឃើញតួចាស់ម្នាក់នេះផង » ។ នេះមិនមែនជាលើកទីមួយនោះទេដែលតារាសម្តែង សាយ សៀរ៉ា ត្អូញត្អែរអត់មានអ្នកហៅថត ។ 

លោក សាយ សៀរ៉ា ក៏មិនដឹងថាមានបញ្ហាអ្វីកើតឡើងនោះដែរទើបមួយរយៈពេលចុងក្រោយពុំមានម្ចាស់ផលិតកម្មឬគេហៅថតសោះ ។ 

ខណៈពេលដែលលោក សាយ សៀរ៉ា ត្អូញត្អែរអត់មានអ្នកហៅថត លោកក៏បានយកពេលវេលាខ្លះដើម្បីលក់ផលិតផលតាមអនឡាញ ដើម្បីបានប្រាក់ចំណូលខ្លះចិញ្ចឹមជីវិត លោកថាបើមិនប្រឹងប្រែងទេជីវភាពពិតជាលំបាកហើយ  ។ លោកនៅតែរំពឹងថាម្ចាស់ផលិតកម្មនានា នឹងបន្តហៅលោកថតដូចជាពេលមុនៗ ដើម្បីឱ្យលោកមានប្រាក់ចំណូលខ្លះចិញ្ចឹមជីវិត ដូចដឹងស្រាប់ហើយថា ជីវិតជាអ្នកសិល្បៈមិនស្រួលទេ ម្តងឡើងម្តងចុះមិនទៀត ៕