ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ការជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតកម្មវិធីបង្រៀនពីបញ្ញាសិប្បនិម្មិត និងការបញ្ចូលកម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មី ដោយគូសបញ្ជាក់ថា ទោះបីជា AI រីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ គ្រាន់តែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។
ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “AI ក្នុងបរិបទអប់រំកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៥ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាននៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូច្នេះលោកគ្រូ អ្នកគ្រូជំនាន់ថ្មីត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដោយត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីធ្វើស្វ័យសិក្សា កែលម្អវិធីសាស្ត្រវាយតម្លៃសមត្ថភាពសិស្ស និងចេះទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយដល់ការរៀននិងបង្រៀន។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីលើកទឹកចិត្តឱ្យ វាគ្មិនជំនាញបញ្ញាសប្បនិម្មិតនៅកម្ពុជា សហការគ្នារៀបចំជាសៀវភៅណែនាំគ្រូ សម្រាប់តម្រង់ទិសការអនុវត្តបញ្ញាសិប្បនិម្មិតនៅតាមសាលារៀនឱ្យមានប្រសិទ្ធភាព ដើម្បីចែករំលែកដល់គ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ឱ្យបានទូលំទូលាយ៕

