រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជំរុញមន្ដ្រីបច្ចេកទេសបន្ដយកចិត្តទុកដាក់លើការងារធានាសន្ដិសុខទឹក និងអនាម័យជូនពលរដ្ឋនៅតំបន់ជនបទ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHI​SD​P) នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់​ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបទដ្ឋាននីតិប្រតិបត្ដិរបស់គម្រោង និងឱ្យសម្រេចតាមគោលបំណងដែលគម្រោងបានកំណត់ ដើម្បីធានាបាននូវសន្ដិសុខទឹក និងអនាម័យជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ឯកឧត្តម ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោងឱ្យសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ។

តាមរយៈបាយការណ៍របស់ លោក ទិត្យ សុផា នាយកកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP) បានបញ្ជាក់ថា RWSHISDP ទទួលបាន​ហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩ នៅក្នុងភូមិគោលដៅសរុបចំនួន៤០០ភូមិ ក្នុងឃុំចំនួន ៥០ឃុំ នៃស្រុកចំនួន ១៨ ខេត្តចំនួន ៩ខេត្ត៕