វៀតណាមបន្តទទួលឥទ្ធិពលព្យុះ Matmo បណ្តាឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ

នៅថ្ងៃអង្គារ ទី៧ ខែតុលា វៀតណាមបន្តទទួលឥទ្ធិពលព្យុះ Matmo បានបង្កជាភ្លៀងធ្លាក់ខ្លាំងបណ្តាឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ជាមួយគ្នានេះខណ្ឌនានាខាងក្នុងទីក្រុងហាណូយ ក៏រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ ចំណែក សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។

កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Bualoi បាននាំឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ ឆក់យកជីវិតមនុស្ស ៥១នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ៦០០លានដុល្លារ។ ប្រជាជនខ្លះទើបនឹងបោសសម្អាតកម្ទេចកម្ទីក្រោយព្យុះ មុនការមកដល់ថ្មីនៃព្យុះ Matmo៕