ព្រឹទ្ធសភា សម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ 

ព្រឹទ្ធសភាសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងបានថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ 

សេចក្តីថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ៕