សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើពាក្យទៅប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ថៃ មកធ្វើការដោះស្រាយបញ្ហាឆបោកអនឡាញជំនួសកម្ពុជាឡើយ

«កម្ពុជា និងកូរ៉េ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឆបោកអនឡាញ ដោយមិនចាំបាច់មានអ្នកទីបី មកជួយជំរុញនោះទេ»។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងទៅកាន់លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងជំនួបនៅថ្ងៃទី១៦ ខែតុលានេះ។

សម្តេចបវរធិបតី បានបញ្ជាក់ថា ក្នុងជំនួបបានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា, កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»។ 

សម្តេចបានគូសបញ្ជាក់ទៀតថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ៕